ការដឹងគុណ

រមិលគុណ

និយមន័យ

តាមវចនានុក្រមសម្តេចជួនណាត រមិលគុណគឺ ការឃើញគុណ ឬ នឹកគុណដែលតែស្បើយៗ មិនយកចិត្តទុកដាក់។

ការលើកឡើង

 

ការរមិល​គុណ គឺជាបាបទី៣នៃបាបទាំង១៥របស់មនុស្ស។​ 

 អរិយបុគ្គល តែងតែធ្វើអំពើល្អដាក់អ្នកដទៃ ដោយមិនមានបំណងចង់ឲ្យគេសងគុណវិញនោះទេ។ ប៉ុន្តែ ការសងគុណរបស់គេ នៅពេលគេធ្វើល្អដាក់យើង ត្រូវបានមនុស្សគ្រប់រូបស្គាល់ និងអនុវត្តន៍ សឹងតែក្លាយជាច្បាប់ប្រចាំសង្គម ដែលមិនអាចនឹងមិនប្រព្រឹត្តទៅហើយ។ ដូចជាការដែលមនុស្សដែលខឹង ពេលគេធ្វើអាក្រក់ដាក់ ទោះជាមនុស្សនោះជាមនុស្សគ្មានចិត្តយ៉ាងណាក៏ដោយ ក៏ម្នាក់នោះរមែងតែងតែមានអារម្មណ៍ចេះដឹងគុណគេ នៅពេលមាននរណាម្នាក់ធ្វើល្អដាក់។ ការធ្វើល្អនេះហើយ វាមានផលល្អដល់ទាំងអ្នកឲ្យ ទាំងអ្នកទទួល ទាំងអ្នកឈរមើលទៅទៀត។ ក៏ប៉ុន្តែជីវិតមនុស្សម្នាក់ៗមមាញឹក ពោពេញទៅដោយបញ្ហាតោងកន្ទុយតគ្នាមិនឈប់។ ដូចជាកាលដែលព្រះសម្មាសម្ពុទ្ធ ពេលទ្រង់នៅកំពុងតាំងសាមាធិត្រាស់ដឹងអញ្ចឹង ទ្រង់នៅរវល់តែខំរកវិធីដើម្បីដោះស្រាយចម្ងល់ទ្រង់ ដោយប្តូរពីវិធីមួយទៅវិធីមួយ អស់រយៈពេលជាង៥‍​​ ទៅ៦ ឆ្នាំ។ លុះដល់ពេលទ្រង់ត្រាស់ដឹងពីអតីតកាលភ្លាម ទ្រង់ក៏នឹកឃើញដល់ព្រះមហេសី និងបុត្ររបស់ទ្រង់មុនគេ។ ទ្រង់នឹកស្តាយដល់កាលដែលទ្រង់ចេញបួស ពុំបានប្រាប់លាអង្គទាំងពីរមួយម៉ាត់សោះ។ ឧទាហរណ៍នេះបញ្ជាក់ឲ្យឃើញថា មនុស្សតែងត្រូវរឿងកើតឡើងនៅចំពោះមុខកំបាំងភ្នែក នាំឲ្យពួកគេមិនសូវជាបានមើលឃើញរឿងដទៃដែលខ្លួនគួរធ្វើ។ តើនរណាគេខ្លះដែលមានពេលអង្គុយតាំងសមាធិដូចព្រះពុទ្ឋរាល់ថ្ងៃដើម្បីពិចារណាពីកំហុស និងទង្វើដែលខ្លួនគួរធ្វើ? មនុស្សទូទៅតែងតែរង់ចាំ  ចាំលើកក្រោយ ចាំដល់មានពេល  ចាំដល់មានប្រាក់ ចាំដល់មានឳកាស ចាំនេះ ចាំនោះ ចាំដល់អ្នកដែលមានគុណលើខ្លួននោះស្លាប់បាត់ទៅទៀត!

សន្និដ្ឋាន

យើងត្រូវចាំថា​ វាសនាមនុស្សម្នាក់ៗមើលមិនឃើញឡើយ អ្នកដែលមានគុណលើយើងមិនប្រាកដថានៅរស់រានមានជីវិត​ ចាំដល់ពេលយើងសងគុណគាត់នោះឡើយ។ ដូច្នេះហើយ យើងគួរគប្បីយកចិត្តទុកដាក់ ពេលណាគេធ្វើល្អដាក់យើងភ្លាម យើងគួររកវិធីសងគុណគេវិញភ្លាម។ ការសងគុណនេះ មិនចាំបាច់ដល់តែចំណាយលុយ ទិញវត្ថុមានតម្លៃ ឬពលីជីវិតដើម្បីបង្ហាញអំពីសណ្តានចិត្តនោះឡើយ។ អ្នកប្រាកដជាធ្លាប់ឮជាច្រើនលើកច្រើនសារហើយ អំពីសារៈសំខាន់ក្នុងការចេះដឹងគុណ និងវិធីនៃការសងគុណ ឪពុកម្តាយ គ្រូបាធ្យាយ និងអ្នកដែលធ្វើគុណធំមកលើយើង។ ពួកគាត់ជាមនុស្សគួរឲ្យគោរព និងបម្រើមែន ហើយប្រការដែលយើងត្រូវសងគុណគាត់កុំឲ្យខាននោះក៏ជាប្រការត្រឹមត្រូវដែរ។ ពួកគាត់ដែលបានរៀបរាប់មកខាងលើនេះ ហាក់បីដូចជាអ្នកលក់បោះដុំធំៗ ដោយគាត់មានគុណយ៉ាងច្រើនក្រាស់ក្រែលមកលើយើង ហើយយើងក៏គួរសងគុណគាត់ឲ្យច្រើនក្រាស់ក្រែលទៅតាមនេះវិញដែរ។ ក៏ប៉ុន្តែ មនុស្សខ្លះរវល់តែសងគុណអ្នកបោះដុំទាំងអស់នេះ ហើយគ្មានពេលវេលាមើលមកអ្នកលក់រាយទៅវិញ។ អ្នករត់តុដែលយកអាហារមកឲ្យយើង អ្នកចាំយាមម៉ូតូឡានឲ្យយើង អ្នកលក់ដែលខំរករបស់ឲ្យយើង បណ្ណារក្សដែលខំចំណាយកម្លាំងរកសៀវភៅឲ្យយើង។ល។ ខ្ញុំមិនមែនចង់មានន័យថាយើងគួរនាំគ្នាទៅលុតជង្គង់សំពះពួកគាត់ឡើយ តែគ្រាន់តែពាក្យអរគុណមួយម៉ាត់ក៏វាគ្រប់គ្រាន់នឹងបញ្ជាក់ពីការដឹងគុណរបស់យើងទៅហើយ! ពាក្យអរគុណមួយម៉ាត់ លិខិតថ្លែងអំណរគុណមួយច្បាប់ វាមិនតម្រូវឲ្យយើងចំណាយមាសប្រាក់ ពេលវេលាច្រើនណាស់ណាទេ ប៉ុន្តែផលប្រយោជន៍របស់វាបានច្រើនក្រាស់ក្រែល។ វាធ្វើឲ្យយើងធូរស្រាលចិត្តលែងជំពាក់គុណគេ ធ្វើឲ្យយើងសប្បាយចិត្តព្រោះមានមនុស្សធ្វើល្អមកលើយើង។​ សំខាន់បំផុតនោះ វាធ្វើឲ្យអ្នកធ្វើគុណមកលើយើងសប្បាយចិត្ត ព្រោះទង្វើរបស់ពួកគាត់ត្រូវបានគេមើលឃើញ និង តបស្នងមកវិញ។ វាក៏ធ្វើឲ្យអ្នកឈរមើលសប្បាយចិត្ត ព្រោះវាអាចធ្វើឲ្យពួកគេឃើញថា យ៉ាងហោចណាស់ក៏នៅមានមនុស្សល្អច្រើននៅក្នុងសង្គមនេះដែរ។

សរុបសេចក្តីមក យើងជាមនុស្សគួរណាតែរកឆ្លៀតរកពេលវេលា​ ដកខ្លួនចេញពីបច្ចុប្បន្នជារឿយៗ ដើម្បីនឹករំលឹកដល់ជីវិតយើង និងរំលឹកសងគុណដល់អ្នកទាំងអស់ដែលធ្លាប់បានធ្វើល្អមកលើយើងទោះធំក្តី តូចក្តី។

«ធ្វើគុណគេកុំសម្តែង តែងកុំបំភ្លេចគុណរបស់គេ»

Published by

itsmscheng

You can hardly mention anything I'm not curious about.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s