ទើសឥន្ធនូ?

កាលពីម្សិលមិញនេះ សហរដ្ឋអាមេរិចបានសម្រេចចិត្តធ្វើអោយការរៀបការភេទដូចគ្នាស្របច្បាប់នៅទូទាំងរដ្ឋទាំង​ ៥0​​ របស់គេ។ មនុស្សជាច្រើននៅក្នុងសកលលោក ក្រោយពេលបានលឺដំណឹងនេះហើយ នាំគ្នាអបអរសាទរឱកាសដ៏មហាលឡោរិកនេះ។ ដោយឡែកយុវជននៅកម្ពុជាមួយចំនួនក៏បានចូលរួមអបអរសាទរពីចម្ងាយដោយការផ្លាស់ប្តូររូបរបស់គេនៅក្នុងហ្វេសប៊ុកអោយក្លាយទៅជាពណ៌ឥន្ធនូ។ ទោះបីជាយ៉ាងណាក្តី សម្តីដែលស្អប់ខ្ពើម និងមើលងាយដល់ពួកអ្នកស្រឡាញ់ភេទដូចគ្នានៅតែមានផុសឡើងមកមួយៗ នៅក្នុងបណ្តាញហ្វេសប៊ុក។
នេះជាមូលហេតុដែលពួកគេបានលើកឡើង ហើយក៏មានការបកស្រាយទៅវិញតាមតែចំនេះដឹងខ្ញុំផងដែរ។

  1. ការស្រឡាញ់ភេទដូចគ្នា វាខុសពីធម្មជាតិ​ (មិនដែលឃើញទេ។ មិនដឹងមកពីណាមក!)៖

    មនុស្សភាគច្រើនបដិសេធអ្នកស្រឡាញ់ភេទដូចគ្នា ដោយអះអាងថាមកពីវាខុសពីធម្មជាតិ។ តើអ្វីទៅជាធម្មជាតិ? ខ្ញុំមិនចង់បកស្រាយវែងឆ្ងាយចូលទៅក្នុងទស្សនៈវិជ្ជានៃអត្ថន័យរបស់ធម្មជាតិនោះទេ តែខ្ញុំសុំនិយាយតែម៉្យាង។ យើងទាំងអស់គ្នាគួរតែយល់ព្រមទាំងអស់គ្នាថា សត្វគឺជាធម្មជាតិ។ បើប្រៀបធៀបនឹងមនុស្ស សត្វមានសភាពជាធម្មជាតិជាងយើងទៅទៀត ត្រូវទេ? បេកមីល (Bagemihl, 1999) បានស្រាវជ្រាវឃើញថា គេសង្កេតឃើញមានសកម្មភាពស្រឡាញ់ភេទដូចគ្នានៅក្នុងសត្វជាង ៥០០ ប្រភេទ ដែលនៅក្នុងនោះរាប់មានទាំង សត្វផេនឃ្វីន និងសត្វដង្កូវផងដែរ។ ការស្រាវជ្រាវមាននៅចំពោះមុខហើយ។ ការស្រឡាញ់ភេទដូចគ្នាត្រូវបានគេសង្កេតឃើញនៅក្នុងអាកប្បកិរិយារបស់សត្វ៥០០ប្រភេទ តែការស្អប់ខ្ពើមការស្រឡាញ់ភេទដូចគ្នាត្រូវបានគេសង្កេតឃើញតែនៅក្នុងប្រភេទយើងតែប៉ុណ្ណោះ។ តើមួយណាខុ

    ផេនឃ្វីនឈ្មោលមួយគូដែលស្រឡាញ់គ្នា។
    ផេនឃ្វីនឈ្មោលមួយគូដែលស្រឡាញ់គ្នា។ រូបភាព៖​ http://blog.nus.edu.sg អានបន្ត៖ http://www.nytimes.com/2004/02/07/arts/love-that-dare-not-squeak-its-name.html

    សពីធម្មជាតិជាង?

​​​

  1. បើពួកគាត់ស្រឡាញ់គ្នាអញ្ចឹងរហូត មនុស្សនឹងផុតពូជហើយ!ខ្ញុំចង់តែសើចទេ ពេលមើលឃើញគេប្រើឡេះនេះម្តងៗ។ បើសិនជាមនុស្សមិនគួររៀបការ គ្រាន់តែគេមិនអាចបង្កើតកូនបាន ចុះស្ត្រី ឬបុរសដែលអាទ៍ (មិនអាចបង្កកំណើតបាន)​ មិនត្រូវរៀបការទេឬ? ហេតុដូចម្តេចបានជាមិនដែលមានមនុស្សទៅបញ្ឈប់ពួកគេមិនអោយរៀបការ? បើពួកគេចេះតែរៀបការទៅ មនុស្សមិនផុតពូជទៅហើយ បើពួកគេមិនអាចបង្កើតកូនផង!ម៉្យាងវិញទៀត កុំភ័យរឿងមនុស្សផុតពូជអី កនអ៊ើយ! បើយោងទៅតាម Population Institute នៅឆ្នាំ ១៩៨៣ យើងមានតែ១ពាន់លាននាក់ទេ។ ចំនួនមនុស្សបានឡើងដល់ ៦ពាន់លាននាក់នៅឆ្នាំ ១៩៩៩។ រាល់ថ្ងៃនេះពិភពលោកយើង មានមនុស្សជាង៧ពាន់លាននាក់។ មនុស្សជាច្រើន (ជាពិសេសនៅទ្វីបអាស៊ី និងអាហ្វ្រិក) កំពុងតែរស់នៅក្នុងសភាពក្រីក្រ ដោយសារតែការខ្វះខាតអាហារ និងទឹក។ មនុស្សប៉ុណ្ណេះ យើងនៅមិនទាន់អាចបញ្ចុកអស់ផង តើហេតុអ្វីបានជាអ្នកទៅខ្វល់ថានឹងគ្មានមនុស្សទៅថ្ងៃអនាគត? នៅឆ្នាំ២០៥០ គេប្រម៉ាណថានឹងមានមនុស្សចំនួន ៩ពាន់លាននាក់ គិតទៅមើល! ៩ ពាន់លាននាក់នៅលើផែនដីដ៏តូចនេះ។ ៩ពាន់លាននាក់នឹង ដណ្តើមអាហារ ទឹក ប្រាក់ និងទីកន្លែងគ្នាដើម្បីរស់នៅ។ តាមពិត បើគិតអោយមែនទែនទៅ អ្នកគួរតែអរគុណដល់អ្នកស្រឡាញ់ភេទដូចគ្នាទៅ ព្រោះពួកគេនឹងមិនបង្កើតកូនដើម្បីមកដណ្តើមវត្ថុធាតុដើមពីអ្នក និងគ្រួសារអ្នកទៅអនាគតផង!
  1. ស្រីនេះស្រឡាញ់ស្រីដូចគ្នា ចុះប្រុសៗទៅស្រឡាញ់នរណា?
    ប្រុសនេះស្រឡាញ់ប្រុសដូចគ្នា ចុះស្រីៗទៅការជាមួយអ្នកណា?

    ចង់និយាយថា គេស្រឡាញ់នរណាជារឿងរបស់គេ។ ខ្លាចអត់គូមែន? ប្រុសពេញដី ស្រីពេញនគរ ហេតុអ្វីមិនទៅរក? មកឈឺចិត្តស្អិតទ្រូងតែគេមួយគូហ្នឹងអញ្ចឹង? បាត់គាត់មួយហ្នឹង ស្រីៗអស់ប្រុសរៀបការជាមួយឬយ៉ាងណា? ប្រសិនបើអ្នកខ្លាចខ្លួនអត់គូ ដោយសារតែគេស្រឡាញ់ភេទដូចគ្នា ប្រហែលជាអ្នកគួរងាកទៅមើលខ្លួនអ្នកវិញហើយ។ ហេតុអ្វីបានជាស្រីផ្សេងមិនយកភ្នែកមើល? ប្រហែលចរិកអន់ពេកទេដឹង? ឬក៏ដោយសារតែចូលចិត្តទើសសេចក្តីសុខគេពេកទេដឹង?

  1. មិនដែលឃើញទេ ពីជំនាន់មុនមក!

    ប្រសិនបើអ្នកមិនគាំទ្រការស្រឡាញ់ភេទដូចគ្នា ដោយសារតែមូលហេតុថាវាមិនមានពីជំនាន់មុនមក។ (យើងមិនអាចសន្មតច្បាស់ថា តើវាមានរឺក៏អត់ទេ ព្រោះយើងគ្មានឯកសារ ឬការស្រាវជ្រាវទាក់ទងនឹងរឿងនេះឡើយ។) តែយើងសន្មតថា ការស្រឡាញ់ភេទដូចគ្នា វាគ្មានពីជំនាន់មុនមកទៅចុះ។ អញ្ចឹង អ្នកគួរកុំជិះឡាន ម៉ូតូ យន្តហោះ។ អ្នកគួរឈប់ប្រើអ៊ីនធឺណេត និងទូរទស្សន៍។ អ្នកក៏គួរឈប់ប្រើទូរសព្ទដៃ ឬកុំព្យូទ័រដែលអ្នកកំពុងកាន់អីលូវនេះផងដែរ។ ហេតុអ្វី? របស់ទាំងអស់នេះ គ្មានពីជំនាន់មុនមកទេ! បើសិនជាអ្នកមិនគាំទ្រការស្រឡាញ់ភេទដូចគ្នាដោយសារវាជារឿងថ្មី អញ្ចឹងចូរបោះបង់ចោលគ្រឿងសម្ភារៈទាំងអស់នោះដែលបានជួយអោយជីវិតអ្នកងាយស្រួលផង ដោយសារវាទើបតែត្រូវបានគេបង្កើតថ្មីៗនេះដែរទេ!

  1. វាខុសនឹងច្បាប់ព្រះពុទ្ធសាសនា!ទោះបីជា ជនជាតិខ្មែរមិនសូវជាយកសាសនាដើម្បីមករិះគន់ការស្រឡាញ់ភេទដូចគ្នា ដូចជាអ្នកនៅឯសហរដ្ឋអាមេរិចក្តី ក៏នៅមានអ្នកខ្លះប្រើប្រាស់សាសនាជាមូលហេតុដើម្បីស្អប់ខ្ទើយ។ បើតាមតែខ្ញុំបានរៀនយល់ដឹង ព្រះពុទ្ធបានបង្រៀនយើងអោយស្រឡាញ់គ្នា និងកុំកាប់សម្លាប់គ្នា កុំស្អប់ខ្ពើមគ្នា និងរស់នៅជាមួយគ្នាដោយសន្តិភាព។ ខ្ញុំជឿថានោះហើយ ជាមេរៀនទូទៅដែលទ្រង់ចង់អោយយើងប្រកាន់ភ្ជាប់។ សីល៥ សីល៨ គ្រាន់តែជាវិធីដែលបង្ហាត់យើងដើម្បីអនុវត្តគំនិតទូទៅទាំងអស់នោះតែប៉ុណ្ណោះ។ ព្រះចង់អោយយើងខន្តី​ និងស្រឡាញ់គ្នា តែអ្នកបែរជាដើរស្រែកក្តាំងៗថា ស្អប់ពួកខ្ទើយនេះទៅវិញ?នេះមិនទាន់រាប់បញ្ចូលទាំងមូលហេតុមួយទៀតផង! ចុះប្រសិនបើអ្នកស្រឡាញ់ភេទដូចគ្នានោះ មិនកាន់ព្រះពុទ្ធសាសនា? តើអ្នកមានសិទ្ធិអ្វីទៅបញ្ជាគេអោយធ្វើ ឬហាមឃាត់គេមិនអោយធ្វើអ្វីមួយយោងលើសាសនារបស់អ្នក? ទោះជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន តែប្រជាជនក៏មានសិទ្ធិកាន់សាសនាផ្សេង (ឬមិនកាន់សាសនាណាមួយ) តាមតែការយល់ឃើញរបស់គេ។ តើអ្នកមានអារម្មណ៍យ៉ាងណាបើបងប្អូនម៊ូស្លីម មកហាមឃាត់អ្នកមិនអោយញ៉ាំសាច់ជ្រូក ក៏ព្រោះតែការញ៉ាំសាច់ជ្រូកគឺជាតំណមក្នុងសាសនារបស់ពួកគេ?
  1. ចំនុចខាងលើទាំងអម្បាលម៉ាន គឺជាមូលហេតុទាំងអស់ដែលខ្ញុំធ្លាប់បានឃើញត្រូវបានគេលើកឡើង ដើម្បីប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា។ វាសុទ្ធតែមិនសមហេតុសមផលទាំងអស់ (ដូចដែលខ្ញុំបានបកស្រាយ)។អីលូវនេះមានតែនៅសល់មូលហេតុចុងក្រោយប៉ុណ្ណោះដែលអាចបកស្រាយការប្រឆាំងដាច់អហង្ការរបស់អ្នកខ្លះទៅកាន់អ្នកស្រឡាញ់ភេទដូចគ្នា។ នោះគឺ ភាពស្អប់ខ្ពើម។ ខ្ញុំមិនដឹងថាអ្នកស្អប់ខ្ពើមពួកគាត់ដោយសារហេតុអ្វីនោះទេ។ ប្រសិនបើអ្នកខ្ពើមពេលឃើញប្រុសៗ ឬស្រីៗ បណ្តើរគ្នា ហើយអ្នកថាអោយពេបជ្រាយ ឬនិយាយដើមពួកគេនោះ អញ្ចឹងខ្ញុំក៏គួរតែមានសិទ្ធិថាអោយ ឬនិយាយដើមអ្នកដែរឬ ដោយសារខ្ញុំខ្ពើមចរិករើសអើង និងមិនចេះយោគយល់របស់អ្នក?អ្នកខ្លះទៀតក៏ថា គេខ្ពើមនិងស្អប់ ដោយសារតែកាលពីមុនគេធ្លាប់ឃើញខ្ទើយដែលមានចរិករឡេម មកញ៉ែគេ ធ្វើអោយគេខ្ពើម។ អញ្ចឹងបានន័យថាអ្នកស្អប់ក្រុមមនុស្សមួយក្រុមព្រោះតែមានម្នាក់ ឬពីរនាក់មកធ្វើអាក្រក់ដាក់អ្នក?​ ហេតុអ្វីបានជាអ្នកតែងតែប្រាប់ស្រីៗថា ប្រុសៗមិនដូចគ្នាទេ តែបែរជាមើលពួកខ្ទើយថាដូចគ្នាទាំងអស់?

    ពួកអ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្សដែរ។ ពួកគេខ្លះល្អ ខ្លះមិនល្អ ខ្លះសុភាព ខ្លះរឡេម ខ្លះខំរៀន ខ្លះដើរលេង ក៏ដូចជាស្រី ឬប្រុសផ្សេងៗដែរ។ បើសិនជាខ្ទើយដែលអ្នកស្អប់នោះមិនសុភាពហើយសម្តីមិនល្អមែន ក៏ស្អប់ទៅចុះ។ គ្មាននរណាហ៊ានថាអោយអ្នកទេ។ តែបើអ្នកស្អប់គេដោយសារតែគេស្រឡាញ់ភេទដូចគ្នានោះ ខ្ញុំសុំសួរថា តើការដែលអ្នកអោយតម្លៃពួកគេទាំងអស់គ្នា ដោយយោងទៅលើបទពិសោធន៍ជួបជាមួយខ្ទើយតែម្នាក់ ឬពីរនាក់របស់អ្នកនោះមានយុត្តិធម៌ដែរឬទេ? បើសិនជាវាត្រឹមត្រូវនោះ ខ្ញុំនឹងចាប់ផ្តើមចាត់ទុកមនុស្សប្រុសទាំងអស់ថាជាអ្នកមិនចេះយោគយល់ មិនចេះស្តាប់ហេតុផល​ និងចូលចិត្តវាយតម្លៃគេជាក្រុមដោយគិតថាខ្លួនត្រូវរហូត ដោយសារតែខ្ញុំជួបអ្នកម្នាក់នេះឯង។

Norodom-Sihanouk
ព្រះបរមរតនកោដ្ឋ។ រូបភាព៖ http://www.diamondangkor.com/

ខ្ញុំសុំរំលឹកដល់អ្នកទាំងអស់គ្នាថា គេគ្រាន់តែស្រឡាញ់គ្នាគេតែប៉ុណ្ណោះ។ មិនមាននរណាទៅបង្ខំអោយអ្នកទៅធ្វើខ្ទើយទេ។ ទុកអោយគេស្រឡាញ់គ្នាទៅ។ អ្នកអាចស្អប់ អាចខ្ពើមបាន តែមេត្តាកុំនិយាយ ឬប្រព្រឹត្តចេញមកក្រៅ​… ​​ ខ្មាស់គេ។ ហើយចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រទាំងអស់ ខ្ញុំសុំនិយាយថាអរគុណ។ ជាទីបញ្ចប់ ខ្ញុំសូមបិទអត្ថបទនេះជាមួយនឹងពាក្យសម្តីរបស់ព្រះបរមរតនកោដ្ឋ នៅក្នុងគេហទំព័ររបស់ទ្រង់ ដែលត្រូវបានដកស្រង់ដោយកាស្សែតខេមបូឌាដេលីថា ៖

“ព្រះមិនត្រឹមតែបង្កើតមនុស្សល្អទេ តែក៏មានមនុស្សអាក្រក់ដែរ… ពួកអ្នកស្រឡាញ់ភេទដូចគ្នានឹងគ្មាននៅក្នុងលោកទេ ប្រសិនបើព្រះមិនបានបង្កើតពួកគេឡើងមក។ ក្នុងនាមជាពុទ្ធសាសនិកមួយរូប ខ្ញុំត្រូវមានក្តីមេត្តាដល់មនុស្សគ្រប់គ្នាដែលមិនដូចជាខ្ញុំក្តី តែខ្ញុំមិនធ្វើបាប ឬសម្លាប់អ្នកណាម្នាក់ឡើយ។”

Published by

itsmscheng

You can hardly mention anything I'm not curious about.

21 thoughts on “ទើសឥន្ធនូ?”

    1. i know right! the reason i wrote this article in the first place was due to the fact that i was tired of writing the same old argument in every discriminating picture or comment

  1. សព្វថ្ងៃការស្រលាញ់ភេទដូចគ្នាវាគ្មានអ្វីទាស់ខុសទេ! ខ្ញុំមិនដែលគិតថា ស្អប់គេឡើយ។
    តែបើសិនជាខ្ញុំមានកូន ហើយពួកស្រលាញ់ភេទដូចគ្នា ខ្ញុំពិតជាពិបាកទទួកយកណាស់។ ចុះអ្អកទាំងអស់គ្នាវិញ?

    1. សម្រាប់ខ្ញុំ បើសិនកូនខ្ញុំកើតជាខ្ទើយ ខ្ញុំនឹងស្រឡាញ់គេជានិច្ច។ ព្រហ្មវិហារធម៌មិនមែនតែសម្រាប់កូនដែលស្រឡាញ់ភេទផ្ទុយគ្នានោះទេ។

  2. សួស្ដីបងស្រី
    ខ្ញុំគាំទ្រអត្ថបទមួយនេះពេញទំហឹង។ ខ្ញុំក៏ពិបាកចិត្តខ្លាំងដែរ តែអត្ថបទរបស់បងបានធ្វើឲ្យខ្ញុំមានអារម្មណ៍រីករាយឡើងវិញ។ ព្រឹត្តិការណ៍នៅលើ Facebook កាលពីម្សិលមិញ ដំបូងបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយខ្ញុំក៏ដូរ Profile Picture ដើម្បីគាំទ្រ តែខ្ញុំក៏បានដឹងពីគំនិតមនុស្សមួយចំនួន ពួកគេរើសអើង មិនពេញចិត្តនឹងទង្វើដែលខ្ញុំធ្វើទេ ហើយក៏មានមួយចំនួន Unfriend ខ្ញុំចោលទៀត។ តែខ្ញុំក៏សប្បាយចិត្តនឹងធ្វើវា ព្រោះខ្ញុំបានចូលរួមចំណែកជួយដល់សង្គម ជួយដល់ការគោរពសិទ្ធិមនុស្ស ហើយផ្ដល់ស្នាមញញឹម និងក្ដីសង្ឃឹម ដល់មនុស្សជាច្រើន នៅលើសកលលោក ដែលស្រលាញ់ភេទដូចគ្នាទាំងអស់។

    1. ចា! បងសប្បាយចិត្តណាស់ដែលប្អូនបានបង្ហាញការគាំទ្រដល់ពួកគាត់។ ពិភពលោកនេះត្រូវការក្តីស្រឡាញ់ច្រើនណាស់!

  3. បើសិនជាបានជួបបងស្រី ខ្ញុំនឹងឱបបងស្រីឲ្យខ្លាំងៗ។
    អរគុណសម្រាប់ការបកស្រាយដ៏មានន័យនេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s