អាវក្រហម និងកន្ត្រៃ

វប្បធម៌គឺប្រៀបបានខោអាវដែរ។ ទោះជាមនុស្សកើតនៅក្នុងប្រទេសណា ទឹកដីណា ក្នុងសម័យកាលណាមួយក្តី ក៏យើងសុទ្ធតែទទួលបានខោអាវម្នាក់មួយកំផ្លេ ស្រដៀងៗនឹងអ្នកជិតខាងយើងដែរ។

ដោយឡែកខោអាវរបស់ខ្ញុំ គឺជាអាវក្រណាត់ក្រហម ដៃខ្លី មានហោប៉ៅមួយពីមុខ ស៊កទឺនុយជាមួយនឹងខោកាគីពណ៌ត្នោតវែងត្រឹមជើងតែម្តង។ អាវមួយមានលេវប្រាំ រីឯខោមួយមានលេវមួយ និងខ្សែរូតមួយ។

ខ្ញុំក្រឡេកមើលអ្នកជិតខាងផ្ទះខ្ញុំ គាត់ក៏កំពុងពាក់អាវក្រហម និងខោពណ៌ត្នោតផងដែរ។ គាត់ញញឹមមកកាន់ខ្ញុំ។ ហើយខ្ញុំញញឹមទៅកាន់គាត់វិញ។ជីវិតដូចជាមានភាពងាយស្រួលដែរ ពេលដែលយើងទាំងអស់គ្នាពាក់អាវ និងខោដូចគ្នា។ វាហាក់ដូចជាអត្តសញ្ញាណរបស់ភូមិខ្ញុំអញ្ចឹង។

ថ្ងៃមួយ ខ្ញុំឃើញអាវពណ៌ស នៅក្នុងទូរទស្សន៍ប៉ុស្តិ៍របស់ភូមិមួយទៀត។ ខ្ញុំមិនដែលឃើញអាវណាមានពណ៌អញ្ចឹងនោះទេ។ ពីដំបូងខ្ញុំខឹង។ តើគេជានរណាគេ? ហ៊ានដេរអាវដែលមានពណ៌ខុសពីពណ៌ក្រហម? តែម្តាយខ្ញុំគាត់ប្រាប់ថា គេខាងភូមិគេ គេដាក់ពណ៌អ្វីក៏ស្រេចតែគេ។ យើងជាភូមិយើង យើងប្រើពណ៌ក្រហមទៅ។

នៅក្នុងសាលា គេបង្រៀនខ្ញុំថា ភូមិយើងពាក់អាវពណ៌ក្រហមក៏ដោយសារ យើងធ្លាប់ចេញសមរភូមិច្រើន ដូច្នេះ ពាក់អាវពណ៌ក្រហមស្រាប់ វាមិនងាយប្រឡាក់។ តែអីលូវ ភូមិយើងលែងមានចម្បាំងហើយ។ យើងរស់នៅស្រុកស្រួលទេតើ។ តើហេតុអ្វីយើងត្រូវពាក់ពណ៌ក្រហមទៀត?

ពេលមិត្តរួមថ្នាក់ម្នាក់សួរលោកគ្រូខ្ញុំ។ គាត់នៅស្ងាត់មួយភ្លែត ហើយនិយាយថា កុំសួរសំណួរគ្មានប្រយោជន៍ ហើយពាក់តាមដែលគេប្រាប់ទៅ។

អាវពណ៌សដែលខ្ញុំឃើញលើកមុនតែងតែនៅដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។ គិតសព្វៗទៅ ពណ៌ស និងពណ៌ក្រហម ស្អាតម្នាក់ម៉្យាង។ ខ្ញុំគិតថា បើភូមិយើងលែងស្ថិតនៅក្នុងភ្នក់សង្គ្រាមដូចនេះហើយ យើងក៏លែងត្រូវការពណ៌ក្រហមទៀតដែរ។ ចុះម៉េចបានជាយើងមិនសាកកាត់អាវដែលមានពណ៌សលាយក្រហម? រូបភាពអាវឆ្នូតក្រហម លាយស មួយនេះតែងតែស្ថិតនៅក្នុងចិត្តខ្ញុំជានិច្ច នៅពេលដែលខ្ញុំពាក់អាវទៅរៀនរាល់ព្រឹក។ ហេតុអ្វីបានជាយើងនៅតែពាក់អាវក្រហមទៀត?

សំណួរទាំងនេះវិលវល់ ស្រោបលើចិត្តរបស់ខ្ញុំដូចសំបុកពីងពាង។ រឹតតែគិត ខ្ញុំរឹតតែមើលឃើញចំនុចខ្វះខាតរបស់ខោអាវដណ្តប់ប្រាណខ្ញុំមួយកំប្លេនេះ។ ហេតុអ្វីបានជាវាមានតែអាវដៃខ្លី? កាលពីជំនាន់មុន មេឃមិនសូវក្តៅទេ តែអាកាសធាតុប្រែប្រួលហើយ ហេតុអ្វីបានជាយើងមិនកាត់អាវដៃវែងដើម្បីបាំងពន្លឺថ្ងៃ?

ខ្ញុំក៏ចាប់ផ្តើមសង្កេតឃើញអាវរបស់លោកគ្រូខ្ញុំ។ នៅក្នុងវ័យ ៤០ ឆ្នាំជាមួយនឹងក្បាលពោះដ៏អន្ធេលមួយ អាវរបស់គាត់ហាក់ដូចត្រូវបានគេសប់ខ្យល់បំប៉ោងបម្រុងបំផ្ទុះចោលអញ្ចឹង។ លេវនីមួយៗកំពុងទទួលសម្ពាធយ៉ាងខ្លាំង។ ពេលខ្លះខ្ញុំខ្លាចតែលេវនោះផ្ទុះ ហោះបុកថ្ងាសកូនសិស្សក្នុងថ្នាក់ណាស់។

តែអីលូវខ្ញុំក៏ចាប់ផ្តើមឆ្ងល់ថា ហេតុអ្វីបានជាគាត់មិនកាត់អាវថ្មីមួយ? អាវដែលមានទំហំធំជាងនេះ? អាវដែលអាចសម្របតាមក្បាលពោះគាត់ ហើយទុកកន្លែងឲ្យទ្រូងគាត់ដកដង្ហើម?

លោកគ្រូបង្រៀនយើងថា ជីដូនជីតាយើងជាអ្នកបង្កើតម៉ូដខោអាវនេះឡើង ដូច្នេះយើងត្រូវស្រឡាញ់ និងថែរក្សាវា។ ប្រាកដណាស់ ខ្ញុំស្រឡាញ់ខោអាវមួយឈុតនេះ។ តែពេលដែលខ្ញុំក្រឡេកឃើញអាវតឹងស្ទើរប្រេះរបស់លោកគ្រូ ឬពេលខ្ញុំឃើញប្អូនប្រុសរបស់ខ្ញុំដើរក្រោមកម្តៅម៉ោង ១២ ថ្ងៃដោយមិនមានរបាំង ខ្ញុំខាំមាត់អត់ទ្រាំនឹងមិនសួរខ្លួនឯងមិនបាន។ តើហេតុអ្វីយើងមិនអាចបន្ថែមម៉ូដលើខោអាវយើងបាន?

នៅក្នុងបណ្តាល័យសាលា ខ្ញុំខំស្រាវជ្រាវរកមើលប្រវត្តិសាស្ត្រនៃខោអាវ។ តើនរណាជាអ្នកបង្កើតវាឲ្យពិតប្រាកដ? សៀវភៅបានប្រាប់ខ្ញុំថា តាមពិតពីដំបូងដូនតាយើងពាក់អាវយឺតនោះទេ។ តែដោយសារពួកគាត់ឃើញថា អាវក្រណាត់នៅភូមិខាងជើងផ្តល់ការការពារច្រើនជាងអាវយឺត ហើយមានសភាពស្អាតជាង គាត់ក៏សម្រេចចិត្តច្នៃម៉ូដដោយប្រើប្រាស់ក្រណាត់វិញ។

ខ្ញុំជឿថា ខោត្នោតអាវក្រហមមួយកំផ្លេនេះ ពេលដែលដូនតាយើងកាត់វាដំបូង ពួកគាត់ក៏មិនសូវចេះដែរ។ ប្រហែលជាពួកគាត់មិនសូវចេះប្រើកន្ត្រៃ ឬម្ជុលផង។ ខ្ញុំគិតថា អាវប៉ុន្មានសម្រាប់ដំបូង មិនអាចយកជាការបាននោះទេ។ ពួកគាត់ប្រាកដជាបានដេរខុសថ្នេរ ខុសលេវ និងខុសទំហំមិនខាន។ តែពួកគាត់មិនរួញរានោះទេ។ ពួកគាត់ប្រាកដជាបានជូតញើសដោយប្រើអាវយឺតរបស់ខ្លួន។ ពួកគាត់ប្រាកដជាមានជំនឿមួយថា អ្វីដែលពួកគាត់កំពុងដេរនេះ ជាអាវម៉ូដថ្មីដែលអាចការពារខ្លួនពួកគាត់ពីកម្តៅថ្ងៃបានល្អជាងមុន។ ក្រោយពីនេះ ពួកគាត់នឹងរស់នៅស្រួលជាងមុន ហើយអ្នកភូមិក៏រស់ស្រួលជាងមុនបន្តិចដែរ។ពេលគាត់មានកូន គាត់ដេរខោអាវដដែលឲ្យកូនគាត់ ដោយគាត់គិតថា វានឹងអាចការពារកូនគាត់ ដូចដែលវាការពារគាត់អញ្ចឹង។

គួរឲ្យចៃដន្យអី វាលែងអាចការពារកូនគាត់ទៀតហើយ។បើសិនជារាងកាយមនុស្សមិនចេះផ្លាស់ប្តូរ មេឃមិនចេះភ្លៀង រន្ទះមិនចេះបាញ់ និងខ្យល់មិនចេះបក់ ម៉្លោះយើងមិនត្រូវការផ្លាស់ប្តូរ តម្រឹមខោអាវយើងដើម្បីស្របទៅនឹងអាកាសធាតុ និងខ្លួនយើងឡើយ។

តែការពិត សាច់ឈាមមនុស្សផ្លាស់ប្តូរ មានសភាពខុសៗគ្នា។ ខោអាវដែលសង្គមកាត់ឲ្យនោះ ទោះជាពាក់ចុះមែន តែពេលខ្លះវាសង្កៀរ វារមាស់ ដៃអាវហាក់ដូចវែងជាងដៃយើង។ ពេលខ្លះទៀត ដោយសារអាកាសធាតុបានប្រែប្រួល អាវដៃខ្លីដែលត្រូវបានគេដេរឡើងដោយស្រស់ស្អាតនេះ មិនអាចគ្របខ្លួនរបស់យើង ពង្វាងក្តីត្រជាក់កុំឲ្យបៀតកាយនោះឡើយ។

ពេលខ្លះទៀត វាមិនមែនដោយសារអាវពាក់មិនចុះ ឬមិនអាចទប់កម្តៅនោះទេ។ ពេលខ្លះ យើងមិនចូលចិត្តពណ៌នៃខោយើង។ វាពាក់បានល្អ រឹបខ្លួនល្មម ហើយសាច់ក្រណាត់ក្រាស់ល្មម សម្រាប់រដូវវស្សា។ តែ សាមីខ្លួនយើងមិនចូលចិត្តពណ៌ មិនចូលចិត្តម៉ូតធម្មតាគ្មានលម្អរ។ យើងមិនចូលចិត្តអារម្មណ៍ ពេលដែលយើងយកដៃទៅស្ទាបសាច់ខោរបស់យើង។

ពេលខ្លះខ្ញុំជឿថា ឲ្យតែខ្ញុំខិតខំដាក់កាយ ច្នៃម៉ូតថ្មី យើងនឹងអាចបង្កើតខោអាវមួយកំប្លេ ដែលមានម៉ូតទាក់ភ្នែកជាងនេះ។ ជីដូនជីតាខ្ញុំគឺជាមនុស្ស។ ពួកគាត់មានម៉ូដមួយក្នុងចិត្ត ហើយពួកគាត់ដេរ។ ខ្ញុំក៏ជាមនុស្ស។ ខ្ញុំក៏មានម៉ូដមួយក្នុងចិត្ត។ ហើយខ្ញុំនឹងដេរ។ដេរ អាវដែលមានសាច់ក្រណាត់ទន់ស្រួលប្រើជាងនេះ ដែលមានដៃវែង អាចបាំងថ្ងៃបាន ដែលមានពណ៌ស ជាពណ៌ដែលខ្ញុំចូលចិត្ត។ តែវាជាអាវដែលសង្គមហាក់ដូចមិនបេតី។

ខ្ញុំក៏ចាប់ស្រវ៉ារកកន្ត្រៃ ប្រម៉ូលលេវ និងរកសសៃអំបោះ។

ខ្ញុំដើររកទិញឈៀក ស្រវ៉ាវាស់ ស្រវ៉ាកាត់ ទោះដៃមិនស្ទាត់ ចំនេះមិនសព្វក៏ដោយ។

ខ្ញុំសង្វាតរៀនពីសៀវភៅកាត់ដេរ។ 

មិនចេះអស់តិចថ្ងៃទេ ទម្រាំខ្ញុំខំកាត់បានជាអាវដែលត្រូវខ្លួនខ្ញុំ។

ខ្ញុំគិតពាក់អាវនេះទៅសាលា។ ម៉ែគាត់រវល់សរសេរសៀវភៅ ដែលជាសំណាងខ្ញុំដែរ។

ទៅតាមផ្លូវ ខ្ញុំទម្លាក់ដៃអាវចុះ។ ស្បែកដែលធ្លាប់តែគ្រោតគ្រើម មានសភាពដូចភ្លើងឆាបរបស់ខ្ញុំ មានអារម្មណ៍ត្រជាក់ល្ហើយ។ ខ្ញុំឆ្ងល់នឹងខ្លួនឯងដែរ ហេតុអ្វីមិនគិតកាត់ដៃអាវវែងតាំងពីយូរ?

ពេលទៅដល់សាលា មិត្តរួមថ្នាក់របស់ខ្ញុំនាំគ្នាអើតកចំហរមាត់ តាមសម្លឹងអាវខ្ញុំគ្រប់គ្នា។ អ្នកខ្លះធ្វើពុតជាខ្ពើម តែខ្ញុំដឹងថា ពួកគេកំពុងស្អប់ខ្លួនឯងដែលមិនមានអាវដៃវែងដូចខ្ញុំ។ ឈានជើងចូលថ្នាក់ដោយញញឹម ខ្ញុំកំពុងសប្បាយដោយសារពណ៌អាវដ៏ស្រស់ស្រទំរបស់ខ្ញុំផង ដោយសារម្លប់ដែលវាឲ្យខ្ញុំផង ស្រាប់តែ

ឆ្វាក

លោកគ្រូរបស់ខ្ញុំលើកកន្ត្រៃតូចមួយពីហឹបតុរបស់គាត់។

ដែកក៏មុតស្រួចរបស់វា ចាំងផ្លាតនឹងពន្លឹភ្លើងអំពូល បង្ខំឲ្យខ្ញុំងាកភ្នែកចេញ។

ខ្ញុំលឺសម្រែករបស់លោកគ្រូ។

«ខោអាវស្អី! កុំចេះតែនឹកឃើញ។»

«អាឯងនៅក្មេងណាស់។»

«ឯងស្អប់ភូមិយើងមែនទេ? បានជាឯងពាក់ពណ៌លាយស ដូចភូមិខាងត្បូង

«ឯងមិនសមជាកូនអ្នកភូមិយើងទេ! តើម៉ែឯងនឹងគិតយ៉ាងណា

ក្នុងពេលនោះដែរ លោកគ្រូបានកាត់ដៃអាវវែងរបស់ខ្ញុំទៅ។ គាត់ក៏បានឆូត ផ្ទៃពណ៌សនៃអាវខ្ញុំផងដែរ។ ខ្ញុំមិនទាន់ទាំងមានពេល និងស្មារតីនិយាយបកស្រាយពីអាវថ្មីរបស់ខ្ញុំប្រាប់គាត់ផង គាត់ក៏បានចេញទៅក្រៅបាត់។ ស្រឡាំងកាំង ខ្ញុំឈរនៅមាត់ទ្វារថ្នាក់។ អីលូវនេះ ក្មេងៗនៅជិតខ្ញុំនាំគ្នា សើចខ្ញុំ។ គេរើសក្រណាត់ដែលត្រូវបានកាត់ចេញពីអាវរបស់ខ្ញុំ គប់មកខ្ញុំវិញ។

«សមមុខហើយ! នៅស្ងៀមៗមិនចង់។»

«គិតថាខ្លួនឯងជានរណា

«មិននឹកស្មានថា ម្នាក់ហ្នឹងស្អប់ដូនតាយើងអញ្ចឹងសោះ! មិនសមនឹងរស់នៅក្នុងភូមិយើងទៀតទេ

លោកគ្រូវបានត្រឡប់មកវិញជាមួយនឹងនាយិកា។ នៅក្នុងរង្វង់នៃសម្លេង និងកាយវិការជាច្រើននេះ ខ្ញុំនៅតែទប់ខ្លួនឯង មិនឲ្យសម្លឹងមើលអាវដ៏សែនចង្អៀតរបស់នាយិការមិនបាន។ ដូចអាវរបស់លោកគ្រូអញ្ចឹង អាវនាយិកាសឹងតែចង់ប្រេះចេញតាមថ្នេរជាយៗទៅហើយ។

នាយិកាឃើញខ្ញុំ រួចក៏សួរខ្ញុំថា តើខ្ញុំភ្លេចខោអាវចាស់របស់ខ្ញុំហើយឬ?

ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំមិនបានភ្លេចទេ។

ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំបានប្រើប្រាស់ក្រណាត់ពីខោអាវចាស់ ដើម្បីដេរខោអាវថ្មីនេះ។

ខ្ញុំចង់ប្រាប់គាត់ពីមូលហេតុជាច្រើនដែលនាំឲ្យខ្ញុំកាត់អាវនេះឡើង តែសម្លេងរបស់ខ្ញុំបានរត់ពួននៅក្នុងពោះខ្ញុំបាត់ទៅហើយ។

ខោអាវដែលខ្ញុំខិតខំដេរឡើង និងសៀវភៅដែលខ្ញុំខិតខំអាន បានក្លាយទៅជាអាសារបង់ នៅក្នុងពេលមួយពព្រិចភ្នែក។

ខំដេរអស់ជាងពីរខែ គេកាត់ខ្វាច់អស់ក្នុងរយៈពេលមួយនាទី។

ខ្ញុំគិតថា មើលទៅការលើកកន្ត្រៃកំទេចខោអាវថ្មី វាមានងាយស្រួលជាង ការកាត់ខោអាវដោយប្រើប្រាស់គំនិត និងភាពច្នៃប្រឌិត។ មើលទៅការពាក់ខោអាវដែលគេកាត់ឲ្យស្រាប់ វាស្រួលជាងកាត់ខោអាវខ្លួនឯង ទោះបីជាអាវនោះចង្អៀត ដល់ថ្នាក់ខ្លួនដកដង្ហើមសឹងមិនរួចក៏ដោយ។

Published by

itsmscheng

You can hardly mention anything I'm not curious about.

9 thoughts on “អាវក្រហម និងកន្ត្រៃ”

  1. Hi Cheng, a very nice article indeed. So what I get here is that, people is very close-minded and they believe that following the tradition way is the best because their ancestors said so while rejecting new ideas and creativity from youngsters. And the main part is that it’s easier to destroy peep’s idea than to create one so we should stop complaining while follow the tradition so strictly that it blocks our creativity. Instead we should start finding new solutions or creating new comfort to the different problems that we’re facing, not our ancestors. My question, is this what you want us, readers, to understand? I would really appreciate your reply. Thanks 🙂

    1. YES!!! You hit the point right on the head! I wanted to show two ideas. One, it’s easy, even lazy to follow tradition blindly. Tradition is man-made practises that aim to help people live a better life; therefore, the surviving generation can also create a new tradition, (maybe entirely new, or even just a bit altered from the previous one) to fit the changing place and time. The merit of tradition should be judged based on how reasonable and useful it is, instead of how old it is. The second point is that i want to show how temptingly easy it is to complain, to destroy creative attempts at fixing the society instead of creating something that is meaningful! I’m so glad you got all the ideas right. At least my main points show through the writing!

  2. Good story and good wisdom. And I want to know more how could her teacher and director to change their behavior to upgrade the new of social development?

    1. Thank you! Also, I have no answer myself. I guess, what we can do is to try our best to advocate for critical thinking mindset in the current generation. Though, i think it’s best to start from ourselves. Be a social model who critically follows only the traditional practises that make sense, and improve on those that cease to bring value. It’s a slow process, but hopefully, we can speed it up.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s